១. តើអូទីស្សឹមជាអ្វី?
អូទីស្សឹម(ASD) គឺជាស្ថានភាពនៃការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង អន្តរកម្ម និងបទពិសោធន៍ជុំវិញពិភពលោករបស់ពួកគេ។ កុមារដែលមានអូទីស្សឹមម្នាក់ៗមានលក្ខណៈពិសេស ដោយមានភាពខ្លាំង និងបញ្ហាប្រឈមផ្សេងៗគ្នា។ 

 

២. តើ​​ការយល់ដឹងពីអូទីស្សឹម​​នៅ​កម្ពុជាយ៉ាងដូចម្ដេចដែរ?
មិនទាន់មានស្ថិតិពិតប្រាកដនៅឡើយទេ ប៉ុន្តែការយល់ដឹងអំពីអូទីស្សឹមកំពុងកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា។ គ្រួសារជាច្រើនកំពុងបានទទួលស្គាល់ពីបញ្ហាទាំងនេះ និងស្វែងរកជំនួយពីអ្នកជំនាញ។ សាលាអប់រំពិសេសក្តីសង្ឃឹមកុមារកំពុងធ្វើការបង្កើននូវការយល់ដឹង និងផ្តល់ការគាំទ្រដល់កុមារបានល្អបំផុត។

 

៣. តើសញ្ញាដំបូងនៃអូទីស្សឹមមានអ្វីខ្លះចំពោះកុមារ?
សញ្ញាដំបូងអាចរួមមានការគេចវេសក្រសែភ្នែក យឺតយ៉ាវក្នុងការនិយាយ មានអាកប្បកិរិយាដដែលៗ ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ការឆ្លើយតបមិនធម្មតាទៅនឹងសំឡេង និងការប៉ះ និងពិបាកផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃ។ ការកំណត់អត្តសញ្ញាណ និងការគាំទ្រឲ្យទាន់ពេលវេលាអាចធ្វើឱ្យមានភាពប្រសើរ

ឡើង។

 

៤. តើមូលហេតុអ្វីបណ្តាលឱ្យមានអូទីស្សឹម?
គ្មាន​មូលហេតុ​ជាក់លាក់ដែល​បញ្ជាក់ថាធ្វើឱ្យមានអូទីស្សឹមច្បាស់លាស់នោះទេ។ ការស្រាវជ្រាវបានបង្ហាញថាវាអាចបណ្តាលមកពីការរួមបញ្ចូលគ្នានៃកត្តាហ្សែន និងកត្តាបរិស្ថាន។ វាមិនបណ្តាលមកពីរបៀបចិញ្ចឹមរបស់ឪពុកម្តាយ លក្ខខណ្ឌសង្គម ឬការចាក់វ៉ាក់សាំងនោះឡើយ។

 

៥. តើអូទីស្សឹមអាចព្យាបាលបានដែរឬទេ?
អូទីស្សឹមមិនមែនជាជំងឺទេ ហើយមិនអាច "ព្យាបាល" បាននោះដែរ ប៉ុន្តែជាមួយនឹងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ការព្យាបាលតាមរយៈការរៀន និងការគាំទ្រជាប្រចាំ កុមារអាចរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការទំនាក់ទំនង ការរៀន និងជំនាញរស់នៅប្រចាំថ្ងៃ។​

 

៦. តើជំនួយ ឬការព្យាបាលបែបណាសម្រាប់កុមារដែលមានអូទីស្សឹមនៅកម្ពុជា?
សេវា​គាំទ្រ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ប្រសើរ​ឡើង។ សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ មានទាំងសេវាកម្មផ្តល់ការព្យាបាលបញ្ហាភាសា និងការនិយាយ ការព្យាបាលមុខងារប្រចាំថ្ងៃ ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា និងកម្មវិធីអប់រំពិសេសផ្សេងទៀតអាចជួយឱ្យកុមារមានការអភិវឌ្ឍជំនាញសំខាន់ៗ។

 

៧. តើឪពុកម្តាយត្រូវធ្វើដូចម្តេច ប្រសិនបើពួកគេសង្ស័យថាកូនរបស់ពួកគេមានអូទីស្សឹម?
មាតាបិតាគួរស្វែងរកការវាយតម្លៃពីអ្នកឯកទេសដែលមានជំនាញច្បាស់លាស់លើការអភិវឌ្ឍន៍ អ្នកចិត្តសាស្រ្ដ ឬអ្នកព្យាបាលបញ្ហាភាសា និងការនិយាយ។ ការ​ពិនិត្យ ​និង​ការ​ធ្វើ​អន្តរាគមន៍​ឱ្យទាន់ពេលវេល​ ពិតជាមាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​កុមារ​ឱ្យ​សម្រេច​បាន​នូវ​សក្ដានុពល​ដ៏​ល្អ​បំផុត​របស់​ពួក​គេ។

 

៨. តើសាលាអប់រំពិសេសក្តីសង្ឃឹមកុមារមានការគាំទ្រកុមារអូទីស្សឹមយ៉ាងដូចម្តេច?
សាលាអប់រំពិសេសក្តីសង្ឃឹមកុមារផ្តល់នូវកម្មវិធីបែបលក្ខណៈបុគ្គលដែលផ្តោតលើការទំនាក់ទំនង អន្តរកម្មសង្គម ការគ្រប់គ្រងអាកប្បកិរិយា និងបំណិនជីវិត។ ក្រុមអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលរបស់យើងខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារដើម្បីធានាបាននូវវឌ្ឍនភាពជាប្រចាំទាំងនៅសាលា និងនៅផ្ទះ។

 

៩. តើសហគមន៍ក្នុងប្រទេសកម្ពុជាអាចជួយកុមារដែលមានអូទីស្សឹមយ៉ាងដូចម្តេច?
សហគមន៍អាចជួយដោយការបង្ហាញពីការទទួលយក ស្វែងយល់បន្ថែមអំពីអូទីស្សឹម និងគាំទ្រឱ្យកុមារចូលរៀនក្នុងសាលារៀនទូទៅ កន្លែងធ្វើការ និងកន្លែងសាធារណៈ។ ការយល់ដឹង និងការទទួលយក គឺជាជំហានដំបូងឆ្ពោះទៅរកការបង្កើតសង្គមមួយរួមគ្នា។