កុមារដែលមានបញ្ហារពឹស ដែលគេស្គាល់ជាទូទៅថា ADHD គឺជាស្ថានភាពនៃការអភិវឌ្ឍប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់កុមារ និងសម្រាប់មនុស្សពេញវ័យជុំវិញពិភពលោក។ កុមារដែលមាន ADHD ជារឿយៗជួបប្រទះបញ្ហាប្រឈមជាមួយនឹងការផ្ចង់អារម្មណ៍សន្ទុះចិត្ត និងមានភាពសកម្មភាពខ្លាំងខុសប្លែកពីកុមារដទៃ។ យើងត្រូវចងចាំថា ADHD មិនមែនបណ្តាលមកពីឪពុកម្តាយក្រីក្រ ខ្ជិលច្រអូស ឬកូន "មិនស្អាត" នោះទេ។ វាគឺជាភាពខុសប្លែកគ្នានៅក្នុងរបៀបនៃការលូតលាស់របស់ខួរក្បាលក្នុងការអភិវឌ្ឍ និងដំណើរការរបស់ប្រព័ន្ធប្រសាទ ប្រសិនបើមានការគាំទ្រ និងជួយបានត្រឹមត្រូវ កុមារដែលមានADHD អាចរៀនសូត្រ ការរីកចម្រើន មានភាពភ្លឺស្វាងតាមរបៀបរបស់ពួកគេម្នាក់ៗ។
ADHD ជាធម្មតាលេចឡើងក្នុងវ័យកុមារភាព ហើយរោគសញ្ញាអាចត្រូវបានគេកត់សម្គាល់ឃើញនៅតាមផ្ទះ នៅសាលារៀន ឬទម្លាប់នៃការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។ កុមារជាច្រើនដែលមានADHD ពិបាកក្នុងការផ្តោតអារម្មណ៍ ត្រូវធ្វើការណែនាំច្រើនជំហាន ឬពិបាកក្នុងការអង្គុយនៅមួយកន្លែង។ កុមារខ្លះអាចធ្វើសកម្មភាពដោយមិនបានគិត ពិបាកក្នុងការរង់ចាំ ឬងាយបាក់ទឹកចិត្តជាងមនុស្សទូទៅ។ រឿងផ្សេងទៀតកុមារពុំមានការផ្ចង់ មានការភ្លេចភ្លាំង ឬស្រមើស្រមៃ និងមានភាពសកម្មភាពខ្លាំង។ ប្រវត្តិរឿងរ៉ាវជីវិតកុមារម្នាក់ៗមានភាពខុសប្លែកគ្នា ហើយ ADHD អាចមើលទៅខុសគ្នាខ្លាំងពីកុមារមួយទៅកុមារមួយផ្សេងទៀត។
ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងដែលតែងតែឃើញចំពោះកុមារដែលមាន ADHD គឺការច្នៃប្រឌិតខ្ពស់។ កុមារច្រើនគិតបែបស្រមើស្រមៃ ការដោះស្រាយបញ្ហា និងសិក្សាប្រកបដោយភាពប៉ិនប្រសប់ និងប្រើជំនាញដោយការធ្វើសកម្មភាពដោយដៃផ្ទាល់របស់ពួកគេ។ ពួកគេពូកែក្នុងការធ្វើចលនា ការអនុវត្តន៍ជាក់ស្តែង សិល្បៈ តន្ត្រី ឬសកម្មភាពរុករកដោយសេរី។ ថាមពលរបស់ពួកគេបានបញ្ជូនផលជាវិជ្ជមាន ហើយក្លាយជាប្រភពដ៏អស្ចារ្យនៃភាពរីករាយ និងការច្នៃប្រឌិត។
ការកំណត់អត្តសញ្ញាណទាន់ពេលវេលា និងអន្តរាគមន៍ដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រកុមារដែលមាន ADHD ។ ការអប់រំពិសេស ការព្យាបាលមុខងារប្រចាំថ្ងៃ ការគ្រប់គ្រងវិបត្តិអាកប្បកិរិយា និងទម្លាប់ដែលមានរចនាសម្ព័ន្ធអាចជួយកុមារឱ្យរៀនជំនាញដូចជា ចាត់ចែងក្នុងការរៀបចំ ការគ្រប់គ្រងអារម្មណ៍ ការគ្រប់គ្រងពេលវេលា និងទំនាក់ទំនងសង្គម។ គ្រូបង្រៀន និងអ្នកជំនាញព្យាបាល ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារ ដើម្បីបង្កើតយុទ្ធសាស្រ្តជាប់លាប់នៅផ្ទះ និងសាលារៀន។ ការងារជាក្រុមនេះជួយកុមារឱ្យចេះគ្រប់គ្រងបញ្ហាប្រឈមប្រចាំថ្ងៃកាន់តែមានទំនុកចិត្តខ្ពស់។
បរិយាកាសសិក្សាដែលគាំទ្រកុមារមាន ADHD គឺថ្នាក់រៀនត្រូវមានកាលវិភាគតាមរយៈរូបភាពជំនួយ ការណែនាំខ្លីៗ ការធ្វើចលនាទៀងទាត់ និងជាទម្លាប់ដដែលៗ អាចជួយកុមារផ្ចង់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់។ ការលើកទឹកចិត្ត ការផ្តល់រង្វាន់ និងការប្រាស្រ័យទាក់ទងច្បាស់លាស់ក៏ធ្វើឱ្យមានការផ្លាស់ប្តូរផងដែរ។ ជំនួសឱ្យការផ្តោតដែលមានកម្រិត វាជាការសំខាន់ក្នុងការទទួលស្គាល់ភាពខ្លាំង ការរីកចម្រើន វាបង្រៀនឱ្យកុមារចេះគោរពខ្លួនឯង។
គ្រួសារដើរតួនាទីសំខាន់ក្នុងការធ្វើដំណើររួមជាមួយកូនៗរបស់ខ្លួន។ ឪពុកម្តាយតែងតែទទួលបានអត្ថប្រយោជន៍ពីការរៀនយុទ្ធសាស្រ្តនៃការគ្រប់គ្រងវិបត្តិអាកប្បកិរិយា បច្ចេកទេសនៃជួយដល់ដំណើរការនៃញាណដឹង និងការទំនាក់ទំនងដែលជួយគាំទ្រដល់តម្រូវការពិសេសរបស់ពួកគេ។ ការអត់ធ្មត់ ការយល់ដឹង និងភាពស៊ីចង្វាក់គ្នានៅផ្ទះបង្កើតកន្លែងសុវត្ថិភាពសម្រាប់កុមារដើម្បីបង្ហាញពីអ្វីដែលជាខ្លួនឯង និងអភិវឌ្ឍដោយឯករាជ្យ។
ការជួយជំរុញនៃការយល់ដឹង និងការជួយឱ្យទាន់ពេលវេលា ADHD អាចធ្វើឱ្យជីវិតរបស់ពួកគេមានភាពជោគជ័យ និងមានន័យនៅពេលពួកគេធំឡើង។ ពួកគេអាចក្លាយជាសិល្បករ អត្តពលិក សហគ្រិន អ្នកដឹកនាំ ឬអ្នកច្នៃប្រឌិត។ អ្វីដែលសំខាន់ពួកគេទទួលបានការណែនាំ និងឱកាសក្នុងការស្វែងយល់ពីសមត្ថភាពរបស់ពួកគេផ្ទាល់។
ADHD មិនកំណត់លើកុមារមួយណាទេ វាអាស្រ័យលើកុមារម្នាក់ៗ ជាមួយនឹងការថែទាំដ៏ត្រឹមត្រូវ មានបរិយាកាសល្អ និងការលើកទឹកចិត្ត និងការជឿជាក់ដល់ពួកគេ ដូចនេះកុមារដែលមានADHD អាចសម្រេចបាននូវអ្វីមួយ ហើយបន្តធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងទេពកោសល្យ និងភាពធន់របស់ពួកគេ។